ភ្នំពេញ៖ លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគោរពជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខណៈដែលកម្ពុជា កំពុងត្រៀមខ្លួនសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។

ក្នុងជំនួបដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញនេះ លោក ឃួង ស្រេង បានសម្តែងការអបអរសាទរ ចំពោះលោក ង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាល សាធារណៈរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ យូអង្វែង រវាងប្រទេសទាំង២ លើគ្រប់វិស័យ តាមរយៈការជួយគ្នា ទៅវិញទៅមក ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសទាំង២ឆ្នាំ២០៣០ និង២០៥០ ត្រូវបានពូនជ្រុំឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តវេនដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានកត់សម្គាល់ឃើញ ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ចំពឡសុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន ។
លោកទូត បានបង្ហាញនូវក្តីសង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងដ៏ស៊ីវីល័យមួយ យ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៍៕





