កំពង់ចាម ៖ លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានពិសារលៀសហាល ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម សូម វេចខ្ចប់ហើយយកទៅដាក់ចូល ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ តាមការរៀបចំរបស់មន្ត្រីពាក់ព័ន្ធ ដើម្បីរក្សាអនាម័យ និងបរិស្ថានល្អ ។

លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
លោកអភិបាលរងខេត្ត បានថ្លែងទៀតថា ដោយមានការណែនាំពី លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម យើងបានរៀបចំព្រឹត្តិការណ៍ លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ដែលមានលៀសចំនួន ៣តោន ក្នុងកម្មវិធីសង្ក្រាន្ត កំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស. ២០២៥នេះ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ នឹងត្រូវរៀបចំតែមួយ ថ្ងៃគត់ គឺនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្តកំពង់ចាម រហូតដល់ រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅវេទិកាអុំទូក ក្រុងកំពង់ចាម សម្រាប់ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញ មកលេងកំសាន្តនៅសង្ក្រាន្តកំពង់ចាម អាចពិសារលៀសហាល នេះដោយឥតគិតថ្លៃ ក្នុងនោះក៏មានការ រៀបចំថង់ក្រដាស សម្រាប់វេចខ្ចប់សំបក និងធុងសំរាមនៅ គ្រប់ទីតាំង ហើយក៏មានថង់សម្រាប់ច្រកយកទៅផ្ញើអ្នកផ្ទះផងដែរ ៕
