ព័ត៌មានជាតិ

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ មន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួល ដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួល ដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញក៧ និង ក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង ជំនាញស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម្ម សាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី ៕

To Top