ព័ត៌មានជាតិ

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ៖ សម្តេចធិបតី នឹងដុតដៃដុតជើងបញ្ចុះបញ្ចូលលោក ត្រាំ កុំឲ្យអនុវត្តពន្ធ ៤៩% 

ភ្នំពេញ ៖ ដោយសារលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសមិនអនុវត្តពន្ធគយរយៈ៩០ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃ១០ មេសានេះ លើមុខទំនិញសម្រាប់ប្រទេសដែលជាគោលដៅក្នុងការដំឡើងពន្ធនោះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំប្រឹងប្រែងដុតដៃដុតជើងបន្ថែមទៀត ធ្វើយ៉ាងណាកុំឲ្យរដ្ឋបាលលោកត្រាំ អនុវត្តពន្ធគយលើទំនិញកម្ពុជា៤៩% ។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១០ មេសានេះ លោកបានពាំនាំនូវដំណឹងល្អសម្រាប់ប្រទេសដែលរងគ្រោះពីការដំឡើងពន្ធគយរបស់អាមេរិកថា 

ប្រធានាធិបតីអាមេរិក លោកត្រាំ បានប្រកាសមិនអនុវត្តពន្ធគយថ្មី សម្រាប់រយៈពេល៩០ថ្ងៃ រាប់ពីថ្ងៃ១០មេសានេះតទៅ ។ លោកបន្តថា មូលហេតុមិនអនុវត្តពន្ធនេះ, បើតាមសំដីលោកត្រាំ, គឺមកពីប៉ុន្មានថ្ងៃចុងក្រោយនេះ, ប្រទេសជាង៧៥នៅក្នុងពិភពលោក បានទាក់ទងអាជ្ញាធរអាមេរិក ដើម្បីស្នើសុំចរចា។

លោកបន្ថែមថា “ក្នុងអំឡុងពេល៩០ថ្ងៃខាងមុខ រាប់ពីថ្ងៃ១០មេសានេះទៅ, រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចបវរធិបតី នឹងបន្តដុតដៃដុតជើង ទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូល សហរដ្ឋអាមេរិក កុំឲ្យអនុវត្តពន្ធគយថ្មី៤៩%មកលើកម្ពុជា” ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា ចំពោះការប្រកាសដំឡើងពន្ធរបស់អាមេរិកកាលពីថ្ងៃ៣ មេសា កន្លងមក កម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រទេសមួយ ក្នុងចំណោមប្រទេស២-៣ផ្សេងទៀត បានផ្តួចផ្តើមគំនិតមុនគេឯង ក្នុងការស្នើសុំចរចាជាមួយទីក្រុង Washington ។ 

សម្រាប់លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ សង្គ្រាមពាណិជ្ជកម្មនេះបាននិងកំពុងបន្តប្រព្រឹត្តទៅ មានលក្ខណៈជាសកល ។ ប៉ុន្តែ រដ្ឋាភិបាលនីមួយៗ បានគិតគូរពីប្រយោជន៍របស់ប្រទេសខ្លួន មុនគេ។ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ ហើយធ្វើ ដើម្បីការពារបណ្តារោងចក្រនិងក្រុមហ៊ុននានាក្នុងទឹកដីរបស់កម្ពុជា ដើម្បីការពារប្រាក់ចំណូលរបស់កម្មករ និងដើម្បីការពារជីវភាពនៃប្រជាជនខ្មែរ។

សូមបញ្ជាក់ថា ជាមួយនឹងការប្រកាសផ្អាកមិនអនុវត្តពន្ធគយរយៈពេល៩០ថ្ងៃ លើបណ្តាប្រទេសជិត៨០ពីសំណាក់លោកត្រាំនេះ  លើកលែងតែចិនប៉ុណ្ណោះដែលលោកត្រាំបាន បន្ថែមពន្ធដល់១២៥%៕

To Top