ព័ត៌មានជាតិ

សាស្រ្ដាចារ្យ ឈាង រ៉ា ៖ ជាគ្រូពេទ្យ ត្រូវខិតខំ ឱ្យអស់ពីលទ្ធភាព ការពារសុខភាពពលរដ្ឋ

ភ្នំពេញ ៖ ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើស ការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឲ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ក្នុងការការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន និងសម្តែងនូវការកោតសរសើរផងដែរ ដល់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យគ្រប់ថ្នាក់ ដែលបានខិតខំបំពេញ ការងារកន្លងមក និងបានរួមគ្នា រៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា គណៈគ្រូពេទ្យអាណត្តិទី៤ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង ពិសេសក្នុងបេសកកម្ម ជាគណៈគ្រូពេទ្យកម្ពុជា។

ក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ដូចនីតិកាលមុនៗ ដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និង ផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជន ជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែងគឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្ថែមថា ដើម្បីសម្រេច បាននូវចក្ខុវិស័យនេះ ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ ជាសារវន្ត ដល់ការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ព្រោះការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាល ជាភាពប្រឈមចម្បង សម្រាប់អ្នកជំងឺ អតិថិជន និងសមត្ថភាពនិយ័តកម្ម របស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគណៈវិជ្ជាជីវៈសុខាភិបាល ដែលជាតួអង្គសំខាន់ ក្នុងការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិក សមាជិកានៃគណៈគ្រូពេទ្យកម្ពុជា ដោយត្រូវពង្រឹងបន្ថែមការចុះបញ្ជិកា ផ្តល់អាជ្ញាបណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត , ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត , ត្រួតពិនិត្យជាប្រចាំនូវសម្បទាក្នុងការប្រកបវិជ្ជាជីវៈ និងធ្វើការពិនិត្យរាល់បណ្តឹង ឬការរាយការណ៍ ដែលពាក់ព័ន្ធនឹងសម្បទាក្នុងការប្រកបវិជ្ជាជីវៈ , ពង្រឹងកិច្ចសហការជា មួយភាគីពាក់ព័ន្ធ ជាពិសេសត្រូវបំពេញការងារជិតស្និទ្ធជាមួយក្រសួងសុខាភិបាល , ជាគណៈគ្រូពេទ្យកម្ពុជា ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ តួនាទីរបស់គណៈគ្រូពេទ្យ និងត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកដល់អង្គពិធី ត្រូវអនុវត្តឱ្យបានសុក្រឹត និងពេញលេញនូវបែបបទ និងនីតិវិធីនៃការបោះឆ្នោត ។ ចំពោះអ្នកចូលរួមបោះឆ្នោត ត្រូវពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តជ្រើស រើសតំណាងរបស់ខ្លួន៕

To Top