ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈ ព្រោះនៅថ្ងៃ១១ មេសា ស្អែកនេះ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្ន។

បើតាមអ្នកនាំពាក្យដដែលនាថ្ងៃ១០ មេសានេះ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្ននៅថ្ងៃទី១១ មេសាស្អែកនេះហើយ។
ការបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការអនុញ្ញាតនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ១៨ល្ងាច និងមិនអនុញ្ញាតឲ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។ ក្រោយពេលបញ្ចប់ការ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ នឹងបិទចរាចរណ៍លើស្ពានមួយរយៈទៀត (បន្តប្រើផ្លូវវាង)ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួនដូចជា៖ ដាក់បង្កាន់ដៃ, អ៊ុតAC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងកិច្ចការការបន្ទាប់ មន្សំមួយចំនួនទៀត ៕




