ព័ត៌មានជាតិ

ពលករខ្មែរ វិលត្រលប់ ពីប្រទេសថៃ ចូលមកលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំ តាមច្រកទ្វារ អន្តរជាតិកម្ពុជា-ថៃ ដោយពុំមានការបង់ថ្លៃ លើសេវាចេញ-ចូល នោះទេ

ភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត ។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូល នៅតាមច្រកព្រំដែន អន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងារ របស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ ដល់ការបំពេញឯកសារនានារបស់ពលករ ផងដែរ ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុង ពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

កញ្ញា មាន ស្រីណុក ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យបានលើកឡើងថា ការចូលមកប្រទេសកម្ពុជា នៅតាមច្រកព្រំដែនអន្តរជាតិ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូលនោះទេ ។ កញ្ញាសប្បាយចិត្តជាខ្លាំង នៅពេលដែលត្រលប់មកលេង ស្រុកកំណើតអំឡុងពេលចូលឆ្នាំ ដោយពុំមានការចំណាយលើថ្លៃ សេវាអស់ទាំងនេះ វាអាចជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករដែលកំពុងវិលមកប្រទេសកម្ពុជាវិញ ។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែង តម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់ រដ្ឋាភិបាលមកលើពលករពួកយើង។

ដោយឡែកលោក តុលា ជាពលករខ្មែរម្នាក់ទៀត បានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺ ជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយ ចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះវាជាកត្តាមួយ ដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកសប្បាយរីករាយណាស់ នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ ចូល នៅតាមច្រកព្រំដែនទាំងទៅទាំងមក ។ លោកសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួល ឱ្យមានការលើកលែងថ្លៃ សេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែ យកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូន ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥មក ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រចាំការរង់ចាំសម្រួលសម្រួល ជាមួយក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាពិសេនៅច្រកទ្វារព្រំដែនអន្តរជាតិដូង(បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និង ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វាគមន៍បងប្អូនពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក ៕

To Top