ព័ត៌មានជាតិ

គ.ជ.ប ប្រគល់វិញ្ញាសារ និងអត្រាកំណែ​ ដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត​ ខេត្តកំពង់ចាម សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា​ រយៈពេលខ្លី

កំពង់ចាម៖ លោក ថំ បណ្តូល អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល បានប្រគល់វិញ្ញាសារប្រឡង និងអត្រាកំណែដល់ លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក្នុងរួមនោះមានកញ្ចប់វិញ្ញាសាចំនួន ១០កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើស​ សមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ។

លោក ថំ បណ្តូល បានឱ្យដឹងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងខេត្តកំពង់ចាម ទាំងមូល គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សរុបចំនួន ២៦២រូប សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ សង្កាត់ ទាំង ១០៩ឃុំ សង្កាត់ ។

ជាមួយគ្នានេះដែរ លោកបានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក អនុគណៈកម្មការរៀបចំការប្រឡងទាំងអស់​ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី​ នៃការប្រឡងដែលបានកំណត់ដោយ គ.ជ.ប សំដៅធ្វើយ៉ាងណា​ ដើម្បីធានាឱ្យដំណើរការនៃការប្រឡងជ្រើសរើសសមាសភាពក្រុម​ ចុះឈ្មោះបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានមន្រ្តីដែលមានសមត្ថភាព​ សមស្របនឹងមុខដំណែង ៕

To Top