ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្ត ៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានដឹកនាំកងទ័ព និងរថយន្ត សហការបម្រើការ ជូនដំណើរក្រុមយុវជនស្ម័គ្រចិត្ត និងដឹកសម្ភារសម្ភារៈចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ។

សូមរំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដែលមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ៕

To Top