ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃ ៧៥អង្គ អបអរសាទរ ឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តរាប់បាត្រ ព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី”ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង ៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៤មេសាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ និងលោកស្រី។

ពិធីនេះក៏បានបង្ហាញឱ្យឃើញ ពីការគោរពប្រតិបត្តិ ប្រពៃណីទំនៀម ទំលាប់ជាតិ ពិសេសក្នុងឱកាសទទួល ទេវតាឆ្នាំថ្មីដើម្បីបណ្តេញ គ្រោះចង្រៃ អ៊ុបទ្រុបផងទាំងពួង ដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើម នៃការប្រារព្វពិធីសូត្រមន្តរាប់បាត្រ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានា និងបងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ឆ្នាំទី១ ដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។

សូមរំលឹកថា ពិធីបុណ្យចូលឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡើងយ៉ាងអធឹកអធម ជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ ក្រៅពីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ហើយ នៅបានបន្ថែម ផ្លូវថ្មើរជើង Walk Street បន្ថែមចំនួន៣ថ្ងៃទៀត និងនៅមុនចូលឆ្នាំចំនួន២ថ្ងៃមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យប្រជាពលរដ្ឋ បានសប្បាយរីករាយ ជាមួយថ្មើរជើង Walk Street ចំនួន៥ថ្ងៃជាប់គ្នា៕

To Top