ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំសមត្ថកិច្ច នៅបណ្ដាច្រកទ្វារ ព្រំដែនកម្ពុជា-ថៃ យកចិត្តទុកដាក់ ជួយសម្រួលដល់លំហូរ របស់ប្រជាពលរដ្ឋខ្មែរ ចេញ-ចូល កម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មី

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយសម្រួល ដល់លំហូររបស់ប្រជាពលរដ្ឋ ធ្វើដំណើរចូលមកប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលត្រូវត្រឡប់មកជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថា តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃបា នឯកភាពលើកលែង ការយកកម្រៃ សេវ៉ាចេញចូល(re-entry fee) ពីប្រជាពលករខ្មែរ ដែលត្រឡប់មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរនាឆ្នាំនេះ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សូមសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយ សម្រួលដល់លំហូរ របស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមាន ការយកកម្រៃនោះទេ»។

សូមបញ្ជាក់ថា ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាច្រើនកុះករ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់៕

To Top