ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រគល់វិញ្ញាសារប្រឡង និងអត្រាកំណែដល់លេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពត
នូវកញ្ចប់វិញ្ញាសាចំនួន ៨កញ្ចប់ និងកញ្ចប់អត្រាកំណែចំនួន ១កញ្ចប់ សម្រាប់ការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។
ពិធីប្រគល់ខាងលេីនេះ ត្រូវបានធ្វេីឡេីងក្រោមអធិបតីភាពលោក យិច សមិទ្ធិ សមាជិក គ.ជ.ប ដោយបានប្រគល់ជូនប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
លោក យិច សមិទ្ធិ បានឲ្យដឹងថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥ គ.ជ.ប នឹងផ្ដល់លិខិតអញ្ជើញ ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
លោក យិច សមិទ្ធិ បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២៥ នេះតទៅ គ.ជ.ប បានសម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ យ៉ាងតិច ១០ឆ្នាំ នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
សម្រាប់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវការជ្រើសរើសសមាសភាព ក្រុមចុះឈ្មោះបោះឆ្នោត ក.ច.ប ចំនួន ២២២រូប ដូច្នេះសូមលោក លោកស្រី អនុគណៈកម្មការរៀបចំការប្រឡងទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ គ.ជ.ប ឱ្យបានល្អ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន៕










