ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សមទ្ធិផលជាច្រើន ដែលជាការជួយពីមិត្តចិន ត្រូវបានសម្ពោធដាក់ឱ្យប្រប្រាស់ គឺជានិម្មិតរូប នៃការទំនាក់ទំនងល្អ រវាងកម្ពុជា-ចិន មិនដូចជាការលើកឡើងរបស់ក្រុមអ្នកវិភាគ និងសារព័ត៌មានបរទេស ដែលបានវាយតម្លៃថា ចាប់តាំងពីរដ្ឋាភិបាល អាណត្តិទី៧ ឡើងមក ធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែធ្លាក់ថយ និងមិនមានការជឿទុកចិត្តគ្នា ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតប ក៏ដូចជាការបញ្ជូនសារមួយ ទៅក្រុមអ្នកវិភាគបរទេស និងអ្នកវិភាគជនជាតិខ្មែរ រួមទាំងបណ្តាញសារព័ត៌មានបរទេសមួយចំនួន ដែលអាចប្រមូលនិន្ន័យមិនច្បាស់លាស់ ហើយធ្វើការវាយតម្លៃ នូវទំនាក់ទំនងរបស់កម្ពុជា-ចិន មិនល្អដូចពីមុន ក្រោមរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឡើងមក ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមឥណទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មិនដឹងថា អ្នកវិភាគ និងសារព័ត៌មានទាំងនោះ យកទិន្ន័យពីណានោះទេ តែភាពជាក់ស្តែង នៅក្នុងរយៈពេលជាង១៧ខែមកនេះ សមទ្ធិលធំៗ ដែលសម្តេចបានចូលរួមសម្ពោធ តួរយ៉ាងព្រលានយន្តហោះខេត្តសៀមរាប ផ្លូវក្រវ៉ាត់ក្រុងលេខ៣ ជាដើម និងការរៀបចំសម្ពោធផ្លូវ ស្ពាន នាឱកាសនេះផ្ទាល់ ក៏ជានិម្មិតរូប នៃទំនាក់ទំនងនៅល្អ រវាងកម្ពុជា-ចិន ។
សម្តេចធិបតី គូសបញ្ជាក់ថា ការសម្ពោធសមទ្ធិផលច្រើន រួមទាំងវិនិយោគពីចិន នៅតែឈរលំដាប់ទី១ នៅឆ្នាំ២០២៤ នៅក្នុងការវិនិយោគនៅកម្ពុជា ដូច្នេះទំនាក់ទំនងនេះ គឺមិនមានអ្វីប្រែប្រួល ហើយនិងបន្តទៅទៀត ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “កម្ពុជា ពង្រឹងទំនាក់ទំនង ជាមួយបណ្តាប្រទេសទាំងអស់ ហើយក្នុងនោះ ទំនាក់ទំនងកម្ពុជា ចិន ក៏មិនមានអ្វីប្រែប្រួល គឺផ្អែកទៅលើមូលដ្ឋានដែលយើងមាន ៦៧ឆ្នាំមកនេះ ហើយយើងនឹងបន្តរឹងមាំតទៅទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅទីនេះ (កម្ពុជា) ក៏ជាសារបញ្ជាក់បន្ថែមទៀត ចឹងសូមជូនព័ត៌មាន សូមជូនព័ត៌មានបន្ថែម ទៅអស់លោកអ្នកសារព័ត៌មានអន្តរជាតិផ្សេងៗ ដែលធ្វើការវិភាគ សូមធ្វើការវិភាគតទៅទៀតចុះ អ្វីដែលជាក់ស្តែង ទំនាក់ទំនងកម្ពុជាចិន នៅតែបន្តរឹងមាំ និងដើរទៅលើគន្លង នៃការជួយគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យភាពគ្នា ទៅវិញទៅមក ការគោរពសិទ្ធិ និងការជួយគ្នា ដោយមិនលូកលាន់ និងកិច្ចការផ្ទៃក្នុងរៀងៗខ្លួន របស់ប្រទេសនីមួយៗ គឺយើងនៅបន្ត”៕
