ព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារ សម្តេចក្រទ្បាហោម ស ខេង ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាល ខេត្ត អង្គភាពពាក់ព័ន្ធ គ្រប់ផ្នែកពាក់ព័ន្ធ ទាំងអស់ ទាំងអង្គភាពស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ពិសេសក្រុមយុវជនស្ម័គ្រចិត្ត សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់បំពេញ ការងាររបស់ខ្លួនទៅតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍ដ៏រីករាយនេះ លេចចេញជារូបរាងឡើង នៅកណ្តាលក្រុងព្រៃវែងរបស់យើង។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ព្រឹត្តិការណ៍នេះ ក្រៅពីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរ នៅក្រោមដំបូលនៃម្លប់សន្តិភាពដ៏ត្រជាក់របស់កម្ពុជា។ ដោយសារ សុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រហូតមានការរីកចម្រើន ដូចជាបច្ចុប្បន្ន ហើយបាន និងកំពុងតែធ្វើដំណើរនៅលើវិថីឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

យោងតាមរបាយការណ៍ របស់ លោកអភិបាលខេត្តព្រៃវែង បានបង្ហាញថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” ប្រមូលផ្តុំទៅដោយទិដ្ឋភាពដ៏រស់រវើក នៃការល្បែងកម្សាន្តប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ តន្ត្រីសម័យ ប្រដាល់ក្បាច់គុណបុរាណខ្មែរ រួមទាំងមានទស្សនីយភាពផ្សេងៗជាច្រើនទៀត។ លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ក្រៅពីផ្តល់ជូននូវទស្សនីយភាពដ៏រីករាយហើយនោះ ព្រឹត្តិការណ៍នេះ ក៏នឹងជួយដាស់តឿនក្រើន រំលឹកដល់យុវជន ជំនាន់ក្រោយ ឱ្យមានទឹកចិត្តស្រឡាញ់សម្បត្តិវប្បធម៌ ទំនៀមប្រពៃណីជាតិ ល្បែងកម្សាន្តប្រជាប្រិយនានា និងបន្តចូលរួម ថែរក្សាឱ្យនៅស្ថិត ស្ថិរគង់វង្សរាប់សិបតំណតទៅមុខទៀត ៕
