កំពង់ស្ពឺ ៖ ដើម្បីសង្គ្រោះសាលារៀនមួយកន្លែង ចេញពីការលិចលង់ដោយទឹកកាកសំណល់ នៃរោងចក្រនិងទឹកប្រើប្រាស់ ចេញពីលំនៅដ្ឋាន អាជ្ញាធរខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥បានសម្រេចយកគ្រឿងចក្រ កាយបើកមុខលូ ដើម្បីបង្វែរមុខទឹកមួយផ្នែកធំ បញ្ចៀសការលិចលង់សាលារៀន និងបង្កក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ។

លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បាននិយាយថា ដោយទទួលបានការណែនាំពីលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ឱ្យពន្លឿនការដោះស្រាយឱ្យបានឆាប់ជុំវិញករណីទឹកស្អុយលិចលង់ បរិវេណវិទ្យាល័យ ហ៊ុន សែន អង្គមេត្រី ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនាំឱ្យមានផលរំខាន ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ឬក៏អាចឈានដល់ការបិទសាលា ពេលដែលជំនន់ទឹកស្អុយចូលមកដល់ ។

លោក ជេត ដុំ បានបន្ថែមថា ក្រោមការគិតគូយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្តី្រក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានណែនាំដល់រដ្ឋបាលខេត្តនិងមន្ទីរពាក់ពន្ធ័ត្រូវចាត់វិធានការបន្ទាន់ដើម្បីកុំឱ្យសិស្សខកខានរៀនសូត្រ និងមួយទៀតខែនេះ ជាខែវស្សាអាចនិងមានភ្លៀង ធ្លាក់បន្តបន្ទាប់ ដែលបង្កឱ្យជំនន់ទឹកភ្លៀង អាចនិងកើតមានឡើងផងដែរ ។ ដូច្នេះដើម្បីរក្សាបាននូវនិរន្តរភាពនៃការសិក្សា របស់សិស្ស អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធត្រូវដោះស្រាយកង្វល់នេះឱ្យមានប្រសិទ្ធិភាព ។

នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា នៅចំពោះមុខមន្ទីរសាធារណការនិងដឹកជញ្ជូន និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរទាំង២គឺស្រុកសំរោងទងនិងស្រុកគងពិសីបានយកគ្រឿងចក្រកាយដីបើកមុខទឹកត្រង់PK8+650ម៉ែត្រ បង្វែរចរន្តទឹកមួយផ្នែកប៉ុន្មាន60% ឆ្ពោះទៅភូមិព្រៃតាអុក ឃុំរកាកោះស្រុកគងពិសី និងបន្តកាយប្រឡាយ ក្នុងបរិវេណសាលាអង្គមេត្រី ដើម្បីឱ្យទឹកហូរចេញពីទីធ្លាសាលា ។ មន្ទីរធនធានទឹកត្រូវស្ដារប្រឡាយមួយខ្សែប្រវែង៩៦០ម៉ែត្រ តភ្ជាប់ត្រង់ PK8+650 ម៉ែត្រ ត្រង់ផ្លូវជាតិលេខ៤១ ឆ្ពោះទៅភូមិព្រៃតាអូបឃុំរកាកោះ ស្រុកគងពិសី ឱ្យបានរួចរាល់មុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ។ ទន្ទឹមនេះមន្ទីរសាធារណការ និងដឹកជញ្ជូនក៏ត្រូវសិក្សាគំនូសប្លង់បច្ចេកទេស ក្នុងការបង្វែរទឹកជាអចិន្ត្រៃយ៍ពីចំណុច PK7+267ឆ្ពោះទៅប្រឡាយមហាហង្ស ឬទៅអូរអាចម៍ទន្សាយ ក្នុងឃុំសែនដី ស្រុកសំរោងទង ឱ្យបានរួចរាល់តាមការគ្រោងទុក ។
ជាមួយនោះដែរ អាជ្ញាធរស្រុកទាំង២ ត្រូវកោះអញ្ជើញតំណាងរោងចក្រទាំង១២ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មកពិភាក្សាក្នុងការរៀបចំអាង ប្រព្រឹត្តិកម្មទឹកកខ្វក់បន្ទាប់ ពីចូលឆ្នាំខ្មែររួច ធ្វើយ៉ាងណាបញ្ឈប់ការបង្ហូរកាកសំណល់កខ្វក់ ចេញមកទីសាធារណៈបន្តទៀត ហើយក្នុងករណីមិនស្តាប់ តាមការណែនាំត្រូវពិន័យរដ្ឋបាលជាដាច់ខាត៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
