ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាក់ពីឆន្ទៈ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់ទីកន្លែង

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយគ្រប់ទីកន្លែង។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកស្រី កែ សួនសុភី ស សុខា ក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

ថ្លែងពីវេទិកាអធិបតី រៀបចំកណ្តាលក្រុងព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ទៅកាន់អង្គពិធីថា «រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋ បានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញ ឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍ អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ» ។

សម្រាប់សង្ក្រាន្តព្រៃវែង លោកឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីបទពិសោធរយៈពេល ជាងដប់ឆ្នាំមុន ដែលឯកឧត្តម បានដឹកនាំរៀបចំនូវព្រឹត្តិការណ៍ សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិត តិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋ មកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើន កុះកកុញ់លើសពីការស្មាន។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេស សូមយកចិត្តទុក ដាក់លើការ ធ្វើចរាចរណ៍ ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ។ លោក ក៏បានលើកទឹកចិត្ត ដល់កងកម្លាំងនគរបាល និងអាជ្ញាធរបន្តខិតខំធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសណ្ដាប់ធ្នាប់ និងបានបំពេញបុណ្យ បំពេញកុសលសប្បាយរីករាយក្នុងឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ថា សង្រ្កាន្តព្រៃវែង នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុន បុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។

ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍ កំសាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុក ចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ៕

To Top