ភ្នំពេញ៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋ និងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ដោយជិះរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតប្រាក់ ទៅលេងស្រុកកំណើត មានកំណើនច្រើន ជាងបណ្ដាលឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋ បានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃ បានប្រមាណជាង ១លាន២សែនដុល្លារអាមេរិក ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកនិងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជូនដំណើរ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុង ដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ នាព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុង ទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ ២០២៥នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់ លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំ នរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។

លោក ឃួង ស្រេង បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អ្វីដែលជាការលំបាក របស់ប្រជាពលរដ្ឋ គឺជាការលំបាក របស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្ម នៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាព របស់ពួកគាត់។

លោក ឃួង ស្រេង មានប្រសាសន៍ថា ការងារនេះបើយើងមើលមួយភ្លែតគិតថាវាសាមញ្ញា ប៉ុន្តែវាមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាល បានគិតគូរពីជីវភាព ប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេន របស់ប្រជាពលរដ្ឋក៏ដោយ”។

គួរបញ្ជាក់ថា សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕






