ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Tull TRAISORAT ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្ត លើចំណងមិត្តភាព និងរំពឹងយ៉ាងមុតមាំថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេសវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និង រាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។

ទន្ទឹមនេះ លោក ហេង សួរ ក៏បានសម្តែង ការអបអរសាទរ ចំពោះ លោក Tull TRAISORAT ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យការងារ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ជាពិសេសការលើកលែង ការយកកម្រៃសេវាចេញ-ចូល (Re-Entry Fee) ពីបងប្អូនពលករខ្មែរ ដែលត្រឡប់មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាឆ្នាំនេះ ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទិសដៅអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់ភាព ងាយស្រួលក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងពង្រីកឱកាសដល់យុវជនកម្ពុជា ឱ្យទទួលបានការបណ្ដុះបណ្ដាល កាន់តែច្រើន៕





