ព័ត៌មានជាតិ

សម្តេចធិបតី៖ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ក្លាយជាកម្លាំងជំរុញទេស​ចរណ៍គ្រប់ទម្រង់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ពុំមែនតែជាឱកាសនៃការចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនោះទេ ថែមទាំងបានក្លាយជាកម្លាំងជំរុញទេស​ចរណ៍គ្រប់ទម្រង់ ។

ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត ឆ្នាំ២០២៥» នៅខេត្តសៀមរាប ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្តខេត្តសៀមរាប ដែលត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាព និងក្តីសប្បាយរីករាយ ចំពោះភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនាំមានការឱ្យរីកចម្រើន នៅក្នុងខេត្តសៀមរាប និងសេដ្ឋកិច្ចជាតិ ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា “ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ពុំមែនត្រឹមតែជាឱកាសនៃការចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំងបានក្លាយជាកម្លាំងជំរុញទេស​ចរណ៍គ្រប់ទម្រង់ រួមមាន ទេសចរណ៍វប្បធម៌ប្រពៃណី ទេសចរណ៍ព្រឹត្តិការណ៍សង្គម ទេសចរណ៍ធម្មជាតិ និងទេសចរណ៍បុរាណដ្ឋាន ទន្ទឹមនឹងការរៀបចំសង្ក្រាន្ត​ នៅលើទឹកដីអង្គរដ៏បវរនៃយើងនេះ សង្ក្រាន្តនៅគ្រប់រាជធានីខេត្តក្រុងស្រុក និងតាមវិទ្យាល័យនានា នៅទូទាំងប្រទេសបាននិងកំពុងរៀបចំដូចគ្នា នេះគឺជាពេលវេលាដែលយើងបានបង្ហាញ នូវវប្បធម៌ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្ស សម្រាប់ផ្នែកសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង” ។

ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់ថា អង្គរសង្ក្រាន្តបានក្លាយទៅជាចំណែកមួយធ៏ធំ ​នៅក្នុងការជំរុញភាពរីកចម្រើន ​នៅក្នុងខេត្តសៀមរាប និងសេដ្ឋកិច្ចជាតិ ។ ខណៈដែលទេសចរណ៍ បានកើនជាលំដាប់ ពី១៨ម៉ឺននាក់នៅឆ្នាំ២០១៣ ដល់២លាន១សែននាក់ នៅឆ្នាំ២០២៣ ។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវភាពជឿជាក់ថា ចំនួនទេសចរណ៍ មកកាន់ខេត្តសៀមរាប ក្នុងអំឡុងពេលចូលឆ្នាំថ្មី ក្នុងឆ្នាំ២០២៥នេះ នឹងមានការកើនឡើងថែមទៀត ដោយសារតែប្រជាពលរដ្ឋខ្មែរ និងទេសចរអន្តរជាតិ សុទ្ធតែចង់ចូលរួមសប្បាយ និងរីករាយក្នុង​បរិយាកាស ដែលបានរៀបចំ ក្នុងតំបន់ប្រវត្តិសាស្ត្រដ៏យូរលុង របស់ព្រះរាជាណាចក្រកម្ពុជា៕

To Top