ព័ត៌មានជាតិ

សង្ក្រាន្តចូលឆ្នាំថ្ងៃទី ១ ខេត្តកំពង់ចាម មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិតមួយលាននាក់ មកកម្សាន្ត

កំពង់ចាម ៖ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ នៃសង្ក្រាន្តឆ្នាំថ្មីឆ្នាំម្សាញ់ ថ្ងៃទី ១ នៅក្នុងខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ ជិត ១លាននាក់ មកកម្សាន្ត ជាមួយល្បែងផ្សេងៗ យ៉ាងសប្បាយរីករាយ ។

បើតាមអភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ថ្ងៃចូលឆ្នាំទីមួយនេះ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុប ចំនួន ៩៣១,៤៤៣ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ១២៦ នាក់។

លោកអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះខេត្តកំពង់ចាម មានការរៀបចំ កម្មវិធីសប្បាយៗ ប្លែកៗ ជាច្រើន ដើម្បីបង្ករលក្ខណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជិតឆ្ងាយបានសប្បាយទាំងអស់គ្នា និងដើម្បីចូលរួមថែរក្សា និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទំលាប់វប្បធម៌ខ្មែរ ឱ្យនៅតែបន្ដស្ថិតស្ថេរគង់វង្ស ថ្កុំថ្កើង និងរក្សាបាននូវភាពល្អត្រចេះត្រចង់។

លោកអភិបាលរងខេត្ត បានបន្តទៀតថា កម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្តបានរៀបចំនៅក្នុងក្រុងកំពង់ចាម និងនៅតាមរមណីយដ្ឋាននានា តាមបណ្តាស្រុក ជាមួយគ្នានេះក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយឲ្យបានទូលំទូលាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្ត ៕

To Top