ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោម ស៊ី ជីនពីងប្រធានាធិបតេយ្យចិន នៅកម្ពុជារយៈពេល២ថ្ងៃលោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនថា គឺជាមិត្តភាពដែកថែបរវាងកម្ពុជា-ចិនក្នុងយុគសម័យថ្មីគឺដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ។
លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ពោលគឺមួយថ្ងៃបន្ទាប់ពីប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយនិងប្រកបដោយ សុខសន្តិភាព។
បើតាមលោកបណ្ឌិត គិន ភា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះកើតឡើង ក្រោយពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង របស់ខ្លួនទៅជាសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។ ដំណើរទស្សនកិច្ចផ្លូវ រដ្ឋរបស់លោក ស៊ី ជីនពីង មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការកសាងអនាគតដ៏ត្រចះត្រចង់ និងប្រកបដោយ បរិយាបន្នថែមទៀតផង។
លោកបន្តថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានវិវត្តរីកចម្រើនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោងនិងឆ្ពោះទៅមុខ។ ប្រទេសទាំងពីរបានព្រមព្រៀង កសាងសហគមន៍ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី គឺបង្ហាញឲ្យឃើញការតាំងចិត្តរបស់ខ្លួន ក្នុងការបន្តការអភិវឌ្ឍប្រកបបរិយាបន្ន ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការណ៍នេះ បង្ហាញពីជំនឿរួមគ្នាលើថាមពលនៃភាពជាដៃគូក្នុងការលើកកម្ពស់សង្គម កែប្រែជីវភាព ឱ្យ ប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនទៀតថា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ ជាពិសេសជំនួបដ៏ស្និទ្ធស្នាលនាពេលថ្មីៗនេះ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងបញ្ចូលថាមពលថ្មីទៅក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។
ចំណុចស្នូលនៃយុគសម័យថ្មីគឺ ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ កម្ពុជា-ចិន ដែលជាផែនទីបង្ហាញផ្លូវ គ្រប់ជ្រុងជ្រោយ ដែលគ្របដណ្ដប់វិស័យអាទិភាព នៃកិច្ច សហប្រតិបត្តិការចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិង ប្រជាជន។ កិច្ចសហការនេះឆ្លុះបញ្ចាំងមិនត្រឹមតែគោលដៅរួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនួលខុសត្រូវរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់វិបុលភាព និងការរក្សា សន្តិភាព តំបន់។នេះបើតាម លោកគិន ភា។
លោកបណ្ឌិតអះអាងថា ការផ្តួចផ្តើមគំនិតជាក់ស្តែងក្រោម ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឆកោណត្បូងពេជ្រនេះ ដូចជារបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ដែលត្រូវ បានដាក់ចក្ខុយវិស័យជា «ទីក្រុង Shenzhen ទីពីរ» និង របៀងមច្ឆានិងអង្ករនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា គឺជាឧទាហរណ៍ប្រកបដោយភាពទាក់ទាញនៃនវានុវត្តន៍ និងកំណើនប្រកប ដោយចីរភាព។ គម្រោងទាំងនេះកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតមាគ៌ា ថ្មីសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
លោកបណ្ឌិតបញ្ជាក់ថា ក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរបន្តគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅ មក និងសហការគ្នាយ៉ាងជិតស្និទ្ធលើកិច្ចការតំបន់និងពិភពលោក ដោយពង្រឹងឯកភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ការគាំទ្ររបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសបានពន្លឿនកិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់កម្ពុជា។
ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ។ ដោយសារការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យារបស់ចិន កសិករកម្ពុជា ឥឡូវនេះ មាន លទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើប និងទីផ្សារអន្តរជាតិកាន់តែច្រើន ហើយកំពុងទទួល បាន ប្រាក់ចំណេញខ្ពស់ជាងមុន។ កិច្ចសហការនេះមិនត្រឹមតែធ្វើឱ្យ ប្រសើរឡើងនូវជីវភាព រស់នៅ របស់ ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាអ្នកដើរតួយ៉ាងរឹងមាំក្នុងសន្តិសុខស្បៀងក្នុងតំបន់ និងកសិពាណិជ្ជកម្ម ផងដែរ។
លោកសង្ក់តធ្ងន់ថា ទន្ទឹមនឹងនេះដែរ កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេស ក្នុងវិស័យថាមពល កកើតឡើងវិញ កំពុងជួយកម្ពុជាជំរុញមហិច្ឆតាកំណើន បៃតងរបស់ខ្លួន កម្ពុជាកំពុងវិនិយោគ លើប្រភពថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គីសនី និងប្រភពថាមពល ប្រកប ដោយ និរន្តរភាព ផ្សេងទៀត ដោយមានការគាំទ្រពីសហគ្រាសចិន ដែលជាមូលដ្ឋាន គ្រឹះ សម្រាប់ សន្តិសុខ ថាមពលយូរអង្វែង និងនិរន្តរភាពបរិស្ថាន។ ក្នុងវិស័យសន្តិសុខ ប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅ លើការ កសាងសមត្ថភាព ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងសុវត្ថិភាពសាធារណៈ។ វិស័យដែលកាន់តែលេចធ្លោរបំផុតមួយទៀត គឺការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កំពុងទទួលផ្លែផ្កាដ៏ផូរផង់ដែល ជា បេះដូងនៃទំនាក់ទំនង កម្ពុជា-ចិន។
លោកបណ្ឌិតបានលើកគុណសម្បត្តិរបស់ប្រទេសចិនទៀតថា គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាតាំងពីយូរយារណាស់មកហើយ និងជាប្រភពសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេស។ ជាមួយគ្នានោះដែរ គំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌ សកល ស្របទៅនឹងអាទិភាពជាតិរបស់ប្រទេសកម្ពុជា ដោយផ្តល់នូវក្របខណ្ឌ ដ៏មានតម្លៃ សម្រាប់ ការលើកកម្ពស់នវានុវត្តន៍ និងការបន្តការអភិវឌ្ឍបៃតង និងកំណើនប្រកបដោយ បរិយាបន្ន។
សម្រាប់នយោបាយវិញលោកបណ្ឌិត គិន ភា អះអាងថា កម្ពុជានឹងបន្តគោលនយោបាយបើកចំហ អព្យាក្រឹតភាព និងការចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ។ ក្នុងន័យនេះ ភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសចិន ដើរតួជាស្ពាន មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមាហរណកម្មអាស៊ានឱ្យកាន់តែរឹងមាំ។
ដោយសម្លឹងឆ្ពោះទៅមុខ ទំនាក់ទំនងកម្ពុជា-ចិន ផ្តល់នូវលទ្ធភាពថ្មីៗដ៏គួរឱ្យរំភើប។ លោកថា ពីវិស័យកសិកម្មឆ្លាតវៃ និងបរិវត្តិកម្មឌីជីថលរហូតដល់វិស័យសហគ្រិនភាពវ័យក្មេង និងការផ្លាស់ ប្តូរការសិក្សាស្រាវជ្រាវ, ឱកាសសម្រាប់ប្រទេសទាំងពី គឺពិតជាគ្មានដែនកំណត់។ ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនទៅដល់កម្រិតសហគមន៍កម្ពុជា-ចិន ដែលមាន អនាគត រួមគ្នា និងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រទ្វេភាគី គឺមានអត្ថន័យ ហួសពីការផ្លាស់ប្តូរគោលនយោបាយ, ភាពជាដៃគូនេះ តំណាងឱ្យចក្ខុវិស័យសម្រាប់ ពិភព លោក ដែលប្រសើរជាងមុន ដែលកិច្ចសហប្រតិបត្តិការមានឧត្តមានុភាពលើជម្លោះ និង ការអភិវឌ្ឍ កើតមានសម្រាប់ទាំងអស់គ្នា៕
