ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោកប្រធានាធិបតី ស៊ី ជីនពីង យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូររវាងយុវជន ដោយហេតុថា «យុវជន គឺជាអ្នកបន្តវេនពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ» ។

ការលើកឡើងរបស់ បណ្ឌិត សុខ ទូច នាឱកាសអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មានកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
បណ្ឌិត សុខ ទូច បានកត់សម្គាល់ថា «ប្រធានាធិបតី ស៊ី ជីនភីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររវាងយុវជន ដោយហេតុថា យុវជន គឺជាអ្នកបន្តវេនពូនជ្រុំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នៅកម្ពុជា យុវជនកាន់តែច្រើនឡើងៗស្រឡាញ់ ចូលចិត្ត និងរៀនភាសាចិន និងកាន់តែស្វែងយល់និងស្រឡាញ់វប្បធម៌ចិន»។
បណ្ឌិត សុខ ទូច បន្ដថា ជាក់ស្តែង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំមកនេះ មានអ្នកចុះឈ្មោះចូលរៀនភាសាចិន ជាង១៣ម៉ឺននាក់។
បើតាមប្រសាសន៍ បណ្ឌិត សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅ ជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។
គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» បានប្រារព្ធឡើងក្រោមអធិបតីភាព លោករដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៕
