ព័ត៌មានជាតិ

សង្រ្កាន្តវត្តភ្នំ ភ្ជាប់ផ្លូវថ្មើរជើង ទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជិត៤លាននាក់

ភ្នំពេញ៖ ការផ្សាយភ្ជាប់សង្រ្កាន្តវត្តភ្នំ ជាមួយនិងផ្លូវថ្មើរជើង (Walk Street) រួមទាំងកម្មវិធីនានា នៅតាមបណ្ដាខណ្ឌទាំង១៤ បានធ្វើឱ្យរាជធានីភ្នំពេញ ទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តជិត ៤លាននាក់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ហើយចំនួននេះ កើនឡើង ១២០ភាគរយ បើធៀបនឹងឆ្នាំមុន ។

ចូលឆ្នាំខ្មែរ ឆ្នាំ២០២៥នេះ រាជធានីភ្នំពេញកាន់តែសប្បាយ និងអ៊ូអរ តាមរយៈការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) និងកម្មវិធីនានានៅតាមបណ្ដាខណ្ឌទាំង១៤​ ក្នុងរាជធានីភ្នំពេញ ។ ត្រឹមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា រាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរ និងពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៤លាននាក់ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍«សង្រ្កាន្តវត្តភ្នំ» ចាប់ផ្ដើមនៅថ្ងៃទី១៤ មេសា ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសយុវវ័យ បានមកកម្សាន្ត និងលេងនៅតំបន់ត្រជាក់ចិត្ត ក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ តាំងពីថ្ងៃទី១២ មេសាមកម៉្លេះ ពោលចំថ្ងៃភ្ជាប់នឹងផ្លូវថ្មើរជើង។ កំណើនភ្ញៀវទេសចរ និងពលរដ្ឋ ចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស ចាត់ទុកជាជោគជ័យមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្កបរិយាកាសរីករាយ ដល់ពលរដ្ឋ និងទេសចរ នៅក្នុងរាជធានីភ្នំពេញ។

បើតាមអ្នកនាំពាក្យខាងលើ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋបាលរាជធានីភ្នំពេញ មានទិសដៅធ្វើយ៉ាងណា​ ឱ្យប្រជាពលរដ្ឋក្នុងរាជធានី ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្ត នៅមុខរមណីយដ្ឋានវត្តភ្នំ។ ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្ត នៅពេលល្ងាច និងយប់ផងដែរ។

សម្រាប់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់វិញ លោកស្រី ដោ សម្ផស្ស អះអាងថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានយកចិត្តទុកខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកស្រី ក៏បានចូលរួមលេងកម្សាន្ត យ៉ាងសាមញជាមួយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅសង្ក្រាន្តវត្តភ្នំ ខណៈដែលលោកក៏បានដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរថែមទៀតផងដែរ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ មេសានេះ បានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់ ។ ដោយឡែករាជធានីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំទាំង៣ថ្ងៃ ទទួលបានភ្ញៀវច្រើនជាងគេ៕

To Top