ភ្នំពេញ ៖ ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានលើកឡើងថា ភាគីចិន គឺគាំទ្រ ពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់។

លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ លើកឡើងអំពីតួនាទីរបស់ចិន ដែលសម្ដេចបានកោតសរសើរចំពោះមុខ លោក ប្រធានាធិបតីចិន ថា តួនាទីរបស់ចិន គឺតួនាទីស្ថាបនា និងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល ហើយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិន ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល គំនិតផ្ដួចផ្ដើមសន្តិសុខសាកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សាកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សាកល អភិវឌ្ឍន៍សកល និងពង្រឹងគោលដៅប្រកបដោយចីរភាព ក្នុងឆ្នាំ២០៣០ របស់អង្គការ សហប្រជាជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរជាពិសេស ការប្រាស្រ័យទាក់ទង គ្នាជាញឹកញាប់គ្រប់កម្រិត និងគ្រប់វិស័យ ដែលបង្ហាញអំពីសាមគ្គីភាពជាប្រពៃណី និងបង្កើនការកសាងទំនុកចិត្ត នយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពផលប្រយោជន៍ស្នូលទៅវិញទៅមក និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅ លើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏បានរំលេច បន្ថែមដោយលើកឡើងស្នើឲ្យភាគីចិនបន្តគាំទ្រនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេស ដោយសម្ដេចបានមានប្រសាសន៍លើកឡើងឱ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងនូវមិត្តភាព បន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និង ក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ ប្រទេសទាំងសងខាង។
សម្ដេចតេជោ ក៏បានបន្ថែមឲ្យភាគីចិន បន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានា ក្នុងការអភិវឌ្ឍរបស់កម្ពុជា។

ជាការឆ្លើយតប នឹងការលើកឡើងរបស់ សម្ដេចតេជោ លោក ស៊ី ជីនពីង បានមានប្រសាសន៍បន្ថែមថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជា កំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើម ក្នុងការសាងសង់ ព្រែកជីកនេះ។ លោក បន្តទៀតថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនង បន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និង ក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្ដុះបណ្ដាលនូវ ធនធានមនុស្ស ទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានក្នុងរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការអភិវឌ្ឍនក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់ លោក ស៊ី ជីនពីង ចំពោះការគាំទ្រព្រែកជីកហ្វូណនតេជោ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើង ដោយសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះ លោកប្រធានាធិបតី ដែលបានបង្ហាញ នូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូន តាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញ សម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
