ភ្នំពេញ៖ ក្នុងនាមជាមិត្ត ដែកថែប លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្តេជ្ញាចិត្តគាំទ្រកម្ពុជា យ៉ាងមុតមាំនៅគ្រប់ កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ការប្តេជ្ញារបស់មេដឹកនាំកំពូល ចិន ជាមួយកម្ពុជា ខាងលេីនេះ ធ្វេីឡេីងក្នុងអំឡុងពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារ ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
យោងតាមលទ្ធផលជំនួបខាងលេីនេះ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំ នៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
ចំពោះលោក ស៊ី ជីនពីង បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជា ព្រមទាំងកោតសរសើរ ចំពោះភាពល្បីល្បាញ របស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ហេីយលោកប្រធានាធិបតីចិន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចបវរធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។
ក្នុងនាមជាមិត្តដែកថែប របស់កម្ពុជា លោក ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំ នៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចបវរធិបតី និងលោក ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ៕
