ភ្នំពេញ៖ ដំណេីរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង នាំឱ្យមានកា រចុះហត្ថលេខាលេីឯកសារ កិច្ចសហប្រតិបត្តិការ ចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន ហេីយនោះ នៅមានការចុះហត្ថលេខារវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ច លើគម្រោងធំៗ ៣បន្ថែមទៀត រួមមាន គម្រោងគ្រប់គ្រង ធនធានទឹក ចម្រុះ ហ្វូណនតេជោ ការសាងសង់ រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូ យុទ្ធសាស្ត្រផ្លូវដែក ផងដែរ។
យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួង ការបរទេស ខ្មែរ បានគូសបញ្ជាក់ថា ទាំងកម្ពុជា និងចិន បានអបអរសាទរ ចំពោះលទ្ធផលផ្លែផ្កា នៃដំណើរទស្សនកិច្ចដ៏សំខាន់ របស់លោក ប្រធានាធិបតី ស៊ី ជីនពីង ដែលមានការចុះហត្ថលេខា លើឯកសារកិច្ច សហប្រតិបត្តិការចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន រួមមានការលើកកម្ពស់កិច្ច សហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រសួងការបរទេស ខ្មែរ បានបញ្ជាក់បន្ថែមថា ចំនួនឯកសារទាំង៣៧ខាងលេីនេះមិនរាប់ បញ្ចូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាង ធុរកិច្ច និងធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើគម្រោងធំៗ រួមមានគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រថាមពល LPG 900 MW ក្នុងខេត្តកោះកុង និងគម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកផងដែរ៕
