ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅលើទឹកដីកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១៧-១៨មេសា ទោះបីជាពេលវេលាខ្លីតែបានបញ្ជាក់ពីអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមិត្តភាពជាដែកថែបនៃប្រទេសទាំង២ដែលមិនអាចកាត់ថ្លៃបាននោះ គឺភាគីកម្ពុជាបានអះអាងជាថ្មីម្តងទៀតចំពោះគាំទ្រឥតងាករេចំពោះគោលនយោបាយចិនតែមួយ និងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាចពីចិនបានឡើយ។

យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រកាសដោយក្រសួងការបរទេសនាថ្ងៃ១៧ មេសា គឺភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។
ជាមួយគ្នានេះដែរ ភាគីកម្ពុជាក៏ប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។

ចំណែកភាគីចិនវិញបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីនៃ ប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
សូមបញ្ជាក់ថា មុនដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅកម្ពុជារបស់ឯកឧត្តម ស៊ី ជីនពីងនៅកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនខ្លួនឧក្រិដ្ឋជនតៃវ៉ាន់ទៅសមត្ថកិច្ចចិន ក្រោយពីបានឃាត់ខ្លួនកាលពីថ្ងៃទី៣១ មីនា ។ ចំពោះការបញ្ជូនជនជាតិចិនតៃវ៉ាន់ទៅសមត្ថកិច្ចចិនមិនមែនសមត្ថកិច្ចតៃវ៉ាន់នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាសេចក្តីបំភ្លឺថា ការចាប់បញ្ជូនខ្លួនឧក្រិដ្ឋជនតៃវ៉ាន់ទៅអាជ្ញាធរមានសមត្ថកិច្ចចិន គឺអនុវត្តទៅតាមគោលនយោបាយចិនតែមួយ មិនខុសពីបណ្តាប្រទេសមួយចំនួនទៀតនោះទេ ៕
