ភ្នំពេញ ៖ ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំ២០២៥ របស់ សមាគមទេស ចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធ ភាពយន្តទេសចរណ៍ ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។
យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ មេសា បានឱ្យដឹងថា នាឱកាសចូលរួមកិច្ច ប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ លោក ហួត ហាក់ នឹងចូលរួមមហាសន្និបាត ប្រចាំឆ្នាំ២០២៥ របស់សមាគមសន្និសីទ ស្តីពីគោលនយោបាយ រដ្ឋាភិបាលជា សមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ៗ ពាក់ព័ន្ធមួយចំនួនទៀត។
រដ្ឋមន្ត្រី ហួត ហាក់ ក៏មានជំនួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ និងប្រធានស្ថាប័នដៃគូ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការនិងជំរុញ ទេសចរអន្តរជាតិ មកកាន់កម្ពុជា ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។
បន្ថែមពីនេះ តបតាមការអញ្ជើញ របស់ក្រុមហ៊ុនផលិតកម្ម Daubay Production ដែលធ្លាប់ថត ភាពយន្តទេស ចរណ៍នៅកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមជាមួយជំនួបពិភាក្សា ការងារជាមួយ លោកអនុរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ផលិតកម្ម Daubay Production និង ក្រុមផលិតករផ្សេងៗ ដើម្បីជំរុញបន្តថតភាព យន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅ ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ៕
