ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្ម ធានាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្ត អបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋយ៉ាងសកម្ម ។
ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយ មុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាល បានសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។
ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុកកំណើត ស្រាប់ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ មន្រ្តីនគរបាលក៏ បានផ្ដល់សេវាលិខិតឆ្លងដែន ជូនពលរដ្ឋបានចំនួន ៦៣២ក្បាល លិខិតធ្វើដំណើរចំនួន៤៣ក្បាល សៀវភៅស្នាក់នៅចំនួន ៦៦៤ក្បាល និងសៀវភៅគ្រួសារចំនួន ៤១៧ក្បាលផងដែរ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លទ្ធផលការងារនេះ ជាស្មារតីគោរពវិជ្ជាជីវៈ និងឆន្ទៈស្រឡាញ់ ប្រជាជនរបស់មន្រ្តីនគរបាល រួមទាំងអាជ្ញាធរ និងថា សកម្មភាពនេះដើរស្រប គោលការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមមាគ៌ាដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកនាំពាក្យក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋាន ដែលបន្តប្រក្រតីភាព ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ជាពិសេស បានមើលឃើញអំពីសារសំខាន់ ដែលប្រជាពលរដ្ឋអញ្ជើញទៅកាន់ទីលំនៅឋាន ក្នុងឱកាសឆ្នាំថ្មី អាចនឹងមានតម្រូវការណាមួយក្នុងការស្នើសុំសេវា ដោយមន្ត្រី បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញនូវរាល់សេវាផ្សេងៗ ទោះបីជាពួកគាត់ទើបតែបញ្ចប់ភាពនឿយហត់ ក្នុងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នាឱកាសឆ្នាំថ្មីក៏ដោយ៕
