បាត់ដំបង ៖ ថ្លែងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយកងកម្លាំងចម្រុះ ចំណុះគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ក៏ជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណ ទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំង ដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយ នៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់កងកម្លាំង ដែលជាធម្មតាទៅហើយ នៃថ្ងៃបុណ្យឈប់សម្រាក គឺក្រុមគ្រួសារនីមួយៗត្រូវជួបជុំនូវសាច់ញាតិ ដើម្បីលេងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងកម្លាំងតែង នៅជួរមុខជានិច្ច មិនថាថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោមតំណក់ទឹកភ្លៀងក្ដី ដើម្បីធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពោលគឺពេលវេលា ដែលប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែសប្បាយរីករាយ គឺជាពេលដែលកងកម្លាំងទាំងអស់ កាន់តែមានការទទួលខុសត្រូវខ្ពស់។

បើតាម ឧបនាយករដ្ឋមន្រ្តី តួយ៉ាងក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ កងកម្លាំងទាំងអស់បានរួមចំណែក លះបង់យ៉ាងធំធេង លើសពីតួនាទីរបស់ខ្លួន លើសពីការទទួលខុសត្រូវ កម្រិតរដ្ឋបាល ប៉ុន្តែនេះគឺជាការទទួលខុសត្រូវរួម ដើម្បីសេចក្ដីសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគិតគូរពីសេចក្ដីសុខ សុវត្ថិភាព និងបង្កលក្ខណៈជំរុញឱ្យគ្រប់មូលដ្ឋានមានការរៀបចំឱ្យបានល្អប្រសើរ នូវកម្មវិធីកម្សាន្តសប្បាយឆ្នាំថ្មី និងកម្មវិធីដទៃទៀតនៅតាមមូលដ្ឋាននីមួយៗ។

ជាថ្មីម្ដងទៀត ឧបនាយករដ្ឋមន្រ្តី ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងក្នុងនាមតំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទាំងក្រុមការងារយុវជន កងកម្លាំង និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ ដែលនៅក្នុងឆ្នាំ២០២៥នេះ បានសហការរៀបចំ និងចូលរួមកម្មវិធីសង្ក្រាន្តឱ្យប្រព្រឹត្តិទៅ ប្រកបដោយភាពអធិកអធម សប្បាយរីករាយដែលភាពរីករាយនេះ មិនអាចកាត់ផ្ដាច់បានឡើយ គ្រប់តួអង្គទាំងអស់ រួមទាំងកងកម្លាំង និងអាជ្ញាធរ ៕

