កំពត៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ ទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសាងសង់នៅលើផ្ទៃដី ៤,២៥ហិកតា ជាអំណោយសប្បុរសធម៌របស់ អ្នកឧកញ៉ា វិញ ហួរ ជូនចំពោះរាជរដ្ឋាភិបាល សម្រាប់សាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិកំពត។

គម្រោងសាងសង់កំពង់ផែ ទេសចរណ៍ អន្តរជាតិកំពត ត្រូវបានកំណត់ឡើង ដើម្បីបង្កើតកំពង់ផែទេសចរណ៍ អន្តរជាតិថ្មី មួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទុកជាច្រកទ្វារអន្តរជាតិ ផ្លូវសមុទ្រយ៉ាងសំខាន់ សម្រាប់តភ្ជាប់ការដឹកជញ្ជូន ភ្ញៀវទេសចរពីបណ្តាប្រទេសនានា ហើយទន្ទឹមនឹងនេះ ក៏អាចប្រើសម្រាប់នាវា ដែលធ្វើនាវាចរណ៍រវាងកោះ ជាអាទិ៍ កោះរ៉ុង កោះរ៉ុងសន្លឹម កោះស្តេច ជាមួយ នឹងកំពង់ផែនេះ ហើយដែលតាមរយៈប្រតិបត្តិការ នៃកំពង់ផែនេះ ប្រជាជននៅក្នុងតំបន់នេះ ប្រមាណ ១២ ០០០នាក់ និងធុរជនជាច្រើន អាចមានឱកាស ស្វែងរកប្រាក់ចំណូលបាន៕














