ព័ត៌មានជាតិ

ការបើកឱ្យប្រើប្រាស់ ជាផ្លូវការ «កំពង់ផែ ទេសចរណ៍អន្តរជាតិកំពត» គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់ វិស័យទេសចរណ៍កម្ពុជា តាមផ្លូវសមុទ្រ

កំពត ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានលើកឡើងថា ការបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវ «កំពង់ផែ ទេសចរណ៍អន្តរជាតិកំពត» នាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យ ទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។

ការលើកឡើងរបស់ លោក ប៉េង ពោធិ៍នា នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា «ការបើកឱ្យកំពង់ផែនេះប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានា ក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក រដ្ឋមន្ដ្រី បន្ដថា ការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗ នៅក្នុងភូមិសាស្រ្តខេត្តកំពត និយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀត និយាយជារួម ដើម្បីទាក់ទាញភ្ញៀវ ទេសចរបន្ថែមទៀត។

សូមរំលឹកថា គម្រោងសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួន របស់រាជរដ្ឋាភិបាល សម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារ ការិយាល័យជាដើម៕

To Top