ភ្នំពេញ៖ លោក Janes Imanuel Ginting នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) បានសម្តែងការកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសលោក ឆាយ ឫទ្ធិសែន ដែលជារដ្ឋមន្ត្រីផ្ទាល់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញ នូវយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីប្រែក្លាយជនបទនៅកម្ពុជា ឱ្យកាន់តែមានភាពស៊ីវិល័យ ស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

ការកោតសសើរនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោក Janes Imanuel Ginting នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះលោកឆាយ ឫទ្ធិសែន បានជម្រាបជូនលោកនាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំ របស់ខ្លួនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅ របស់សហគមន៍ជនបទ, (ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ច ជនបទ និងនវានុវត្តន៍ការងារ (ទី៥)ការពង្រឹងស្ថាប័ន តាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់ លើការរៀបចំភូមិគំរូគន្លិះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌល នៃការអភិវឌ្ឍ ដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃ ដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ រស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាព សង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន ពិសេសជាមួយអង្គការ ដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលក្នុងនោះក៏រួមមានអង្គការ WVI ក្នុងការសម្រេចអោយបាននូវគោលដៅ របស់ក្រសួងលើការអភិវឌ្ឍន៍ នៅតំបន់ជនបទ។

លោក Janes Imanuel Ginting នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) បានថ្លែងអំណរចំពោះ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក ព្រមទាំងសហការី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកបានមានប្រសាសន៍ថា WVI បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៧០មកម៉្លេះ។ បច្ចុប្បន្នអង្គការបាននឹងកំពុង បន្តកិច្ចសហប្រតិបត្តិការ ជាមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បន្តទៀតលើវិស័យ អភិវឌ្ឍន៍ជនបទដូចជា ការអប់រំ សង្គមកិច្ច សុខភាព អនាម័យទឹកស្អាត និងកម្មវិធីការការពារ និងចូលរួមរបស់កុមារ។

បន្ថែមពីនេះលោក ក៏បានប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោកនាយកប្រចាំប្រទេស និងសហការីដែលអញ្ជើញមកនាពេលនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះលោកនាយក ដែលប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត៕


