ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្ដែងការ សោកស្តាយ ចំពោះគ្រួសារប្តីប្រពន្ធចំនួន ២នាក់ ដែលទទួលមរណភាព ដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា គ្រួសារ ២នាក់ ប្តីប្រពន្ធ ត្រូវបានគេប្រទះ ឃើញស្លាប់រួមគ្នា នៅក្រោមដើមសំរ៉ង ក្រោយពេលដែលពួកគាត់ បានកាប់ដើម្បីប្រមូល យកផ្លែទៅលក់ នៅក្នុងតំបន់ព្រៃក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីបាត់ដំណឹងជាច្រើនថ្ងៃ សាច់ញាត់មិនទទួលបានដំណឹងអ្វីនោះ ពីគ្រួសារប្តីប្រពន្ធទាំង២នាក់។ ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២នាទី ថ្ងៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សមត្ថកិច្ច បានរកឃើញ សាកសពប្តីប្រពន្ធទាំង២នាក់ ត្រូវដើមសំរ៉ង រលំសង្កត់ពីលើ នៅកន្លែងដែលពួកគាត់ បានកាប់ដើមសំរ៉ង ដើម្បីប្រមូលផលផ្លែវា នៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់ សាកសពទាំងពីរនាក់ប្រពន្ធ ជូនគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីសាសនា ។ របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ង ហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់ នៅក្នុងខេត្តកោះកុង។

ក្រសួងបរិស្ថានសូមសំដែងការសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលទទួលមរណភាពដោសារ ឧបទ្ទវហេតុដើមឈើរលំសង្កត់នៅក្នុងព្រៃ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះខាងលើ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានក្រើនរំលឹកបន្ថែមទៀត ចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ ដល់បរិស្ថាន និងតម្លៃសេដ្ឋកិច្ចមូលដ្ឋាន ដ៏សំខាន់សម្រាប់ កូនចៅតទៅអនគត។ ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន សំណូមពរដល់សមត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍ មូលដ្ឋានទាំងអស់ បន្តចូលរួមសហការ ឱ្យកាន់តែប្រសើរថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសចាត់វិធានការការពារ និងទប់ស្កាត់ការកាប់ដើមសំរ៉ង ឬមែកសំរ៉ង។
អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា ៨៥០ ក្នុងចំណុច «គ» បានចែងថា ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល។
ដោយឡែក តាមមាត្រា៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅអំឡុងខែមីនា និងខែមេសា ជារដូវប្រមូលផ្លែសំរ៉ង។ ជាមួយគ្នានេះ ក៏មានករណីជន ខិលខូចមួយចំនួនតូច បានចូលប្រមូលផ្លែសំរ៉ង ដោយធ្វើការកាប់រំលំដើម ឬកាប់មែក ដែលបង្កឱ្យបាត់បង់ធ្ងន់ធ្ងរ ដល់ពូជរុក្ខជាតិ ប្រភេទជីវៈចម្រុះ ពិសេសតម្លៃនៃការអភិរក្ស និងការរស់នៅប្រដោយចីរភាព របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន៕
