ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៧៣៩នាក់ កាលពីថ្ងៃ២២ មេសា ។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខដល់មន្រ្តីរាជការនិងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទូទាំងប្រទេសដែលមានវត្តមានផ្តល់សេវាក្នុងពិធីចូលឆ្នាំខ្មែរប្រពៃណៃជាតិនាពេលកន្លងមកនេះនិងផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលទាំងអស់ខិតខំយកចិត្តទុកដាក់ផ្តល់សេវាតាមគ្រឹះស្ថានអោយកាន់តែប្រសើរឡើង ដោយបង្កើនស្មារតីប្រុងប្រយត្ន័បង្ការភាពអសកម្មនៅតាមអង្គភាពផ្តល់សេវា។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ “ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម” ដែលមាន៣ រួមមាន ៖ (១)ក្រិត្យក្រមនៃការឯកភាពនិងការតស៊ូរវាងភាពផ្ទុយគ្នា , (២)ក្រិតក្រម ទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព និង(៣)ក្រិតក្រមអវិជ្ជមានកម្មនៃភាពអវិជ្ជមាន(Negation of Negation)។

សាស្រ្តាចារ្យក៏បានលើកឧទាហរណ៍ពីក្រិតក្រមនៃអវិជ្ជមានកម្ម នៃភាពអវិជ្ជមានដែលជាដំណើរនៃការិវវត្តន៍របស់សង្កម និងបានលើកយកឧទារណ៍ពីភាពក្លាហានរបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ការសម្រេចចិត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងពេលផ្តល់អនុញ្ញាតិឲ្យនាវា Westerdam ចូលចតនៅកម្ពុជានៅពេលដែលប្រទេសផ្សេងៗបដិសេធមិនជួយ៕









