ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ នូវគោលនយោបាយរបស់ថៃ មិនអនុញ្ញាត ឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីបង្កគ្រោះថ្នាក់ដល់កម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ នូវគោលនយោបាយរបស់ថៃ ដោយមិនអនុញ្ញាត ឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់កម្ពុជា។

ការឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ពិធីចុះហត្ថលេខារវាង កម្ពុជា-ថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅវិមានសន្ដិភាព ។

នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ អរគុណគោលនយោបាយរបស់ប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តគោលការណ៍ នេះដូចគ្នា ។ ប្រទេសថៃ គឺជាដៃគូរពាណិជ្ជកម្ម និងវិនិយោគ ដ៏សំខាន់របស់កម្ពុជា»។

ក្នុងជំនួបនោះដែរ សម្ដេច និងនាយករដ្ឋមន្ដ្រីថៃ បានជួបពិភាក្សាគ្នានូវយុទ្ធការជាក់ស្ដែង និងគំនិតផ្តួតផ្ដើម បំពេញបន្ថែមផ្សេងៗគ្នារបស់រាជរដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ របស់ប្រទេសទាំងពីរបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណធុរជនថៃ ចំពោះទំនប់ចិត្ត និងការសម្រេចចិត្តបណ្ដាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជា។ សម្ដេច ជម្រាបជូនមិត្តថៃ ថា កម្ពុជា បានត្រៀមខ្លួនរួចជាសម្រេច និងបើកជំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។

ចំពោះ វិស័យទេសចរណ៍ និងការតភ្ជាប់ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន សម្ដេច និងនាយករដ្ឋមន្ដ្រីថៃ បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តចំពោះក្របខណ្ឌ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ។ កម្ពុជា ស្វាគមន៍ផងដែរ ចំពោះគំនិតផ្តួតផ្ដើមប្រទេស៦ គោលដៅតែមួយ ហើយភាគីទាំងពីរ រីករាយសហការគ្នា ក្នុងការបង្កើតក្រុមការងាររួមគ្នា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាក់ស្ដែង នៅក្នុងក្របខណ្ឌនេះ ។

លើសពីនេះ សម្តេចបវរធិបតី ក៏បានអរគុណមិត្តថៃ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា និងថ្មីៗនេះបានលើកលែងថ្លៃទិដ្ឋការអនុញ្ញាត ឱ្យចូលប្រទេសវិញ សម្រាប់ពលករខ្មែរដែលធ្វើដំណើរមកលេងគ្រួសារនៅកម្ពុជា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ តបតាមការស្នើសុំរបស់ សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា នាពេលកន្លងទៅ។ កម្ពុជា ក៏បានវាយតម្លៃខ្ពស់ ក្នុងការបន្ដគាំទ្ររបស់ប្រទេសថៃ ទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះវិស័យវប្បធម៌ សម្ដេច បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការប្រគល់ជូនកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរចំនួន២០ ដែលបានរឹបអូសពីក្រុមទុច្ចរិត ។

ចំពោះវិស័យសន្ដិសុខ សម្ដេច និងនាយករដ្ឋមន្ដ្រីថៃ បានឯកភាពគ្នានៅក្នុងការផ្ដល់កិច្ចសហការបន្ថែមដែលមានស្រាប់ នៅក្នុងនោះក៏រួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ឆបោកតាមបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់ ។ កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងព្រំដែនមួយប្រកបដោយសន្ដិភាព ស្ថិរភាព វិបល់ភាព ដោយភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ៕

To Top