ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបន្តលើកលែងពន្ធចំពោះអគារជាប់គាំងទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៨ ។
ការលើកលែងពន្ធនេះគឺអនុវត្តតាម “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ២៣ មេសា ចំពោះអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាលដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥ក្តីក៏ដោយ។

សេចក្តីជូនដំណឹងបន្តថា ការផ្តល់ការអនុគ្រោះនេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួលបានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀត ក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕
