ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ។
ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងពិធីបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព ក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ របស់លោកស្រី ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅកម្ពុជា ។
ថ្លែងក្រោយបញ្ចប់ពិធីចុះហត្ថលេខា អនុស្សារណៈ រវាង កម្ពុជា-ថៃ ក្រោមអធិបតីភាពរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា នៅថ្ងៃនេះសម្តេច និងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សា អំពីអទិភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី របស់កម្ពុជា-ថៃ និងធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន៧ ដែលទាំងនេះ គឺជាជំហ៊ានជាក់ស្តែង ក្នុងការប្រែក្លាយទស្សនវិស័យរួមរបស់កម្ពុជានិងថៃ ឱ្យក្លាយទៅជាលទ្ធផលដ៏ពិតប្រាកដ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ប្រទេសថៃជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏សំខាន់របស់កម្ពុជា ហើយយើងបានពិភាក្សាគ្នាអំពីយន្តការជាក់ស្តែង និងគំនិតផ្តួចផ្តើម បំពេញបន្ថែមផ្សេងៗគ្នា របស់រដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ របស់ប្រទេសទាំងពីរបន្ថែមទៀត” ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ធុរកិច្ចជនថៃ ចំពោះការទុកចិត្ត និងសម្រេចចិត្តបណ្តាកទុន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា កម្ពុជា បានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ផងដែរ៕
