ព័ត៌មានជាតិ

ក្រុមហ៊ុន Platform Tripadvisor នឹងចូលរួមសហការ ជាមួយក្រសួងទេសចរណ៍កម្ពុជា ជួយអភិវឌ្ឍសហគមន៍ទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ​ លើកិច្ចសហប្រតិបត្តិការ​ លើវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូច​ មានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់ នូវការបណ្តុះបណ្តាលផងដែរ​ ។

កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៏ “សហការសម្របសម្រួល ជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិ នៅតំបន់នោះ ឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាព របស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ” នាដំណើរទស្សនកិច្ច តំបន់ខ្នងផ្សារកន្លងមក ។

សូមបញ្ជាក់ថា TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោក សម្រាប់ស្វែងរក ស្វែងយល់ ប្រៀបធៀប និងបញ្ចេញយោបល់អំពីទីកន្លែងទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងសេវាកម្មក្នុងវិស័យទេសចរណ៍ ពាសពេញពិភពលោក និងបន្តុំជាង១ពាន់លានមតិយោបល់៕

To Top