ព័ត៌មានជាតិ

កម្ពុជា-ថៃ បន្តពង្រឹងកិច្ចប្រតិបត្តិការដោយបើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងទាំងពីរ

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអបសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបន្តពង្រឹងកិច្ចសហប្រតិបត្តិការដោយបើកចំហ ឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។

សម្តេច រដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ដ្រីថៃ នៅវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខណៈដែល លោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

សម្តេច ប្រធានរដ្ឋសភា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង  វិវត្តរីកចម្រើនទៅមុខជានិច្ច។

សម្តេច ប្រធានរដ្ឋសភា បានមានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពិតជាមានក្តីរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ដែលត្រូវបានបន្តថែរក្សា ពូនជ្រំ និងរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ៧៥ ឆ្នាំមកនេះ  ហើយសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដោយផ្អែកលើការគោរពគ្នា និងការជឿទុកចិត្តគ្នា។ សមិទ្ធផល និងវឌ្ឍនភាពនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកថែមទៀតផង។

ជាមួយគ្នានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានជម្រាបជូន សម្តេច ប្រធានរដ្ឋសភាអំពីលទ្ធផលដ៏ជោគជ័យនៃជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា ដោយក្នុងនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧ និងបានសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។

ក្នុងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេច ប្រធានរដ្ឋសភា បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកស្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសទាំងសងខាង។ សម្តេច បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី នាយករដ្ឋមន្រ្តី សុទ្ធសឹងជាអ្នកនយោបាយ និងថ្នាក់ដឹកនាំវ័យក្មេង ដែលមានទស្សនវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍប្រទេសជាតិ កសាងសុខសន្តិភាព និងវិបុលភាពជូនប្រជាពលរដ្ឋ៕

To Top