ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន ២០នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់, ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ព្រមទាំងករណីឆបោក មានស្ថានទម្ងន់ទោស គ្មានលិខិតឆ្លងដែន។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន២០នាក់ (ស្រី៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) ករណីឆបោកមានស្ថានទម្ងន់ទោសគ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣នាក់ (ភេទប្រុស) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៧នាក់ (ស្រី២នាក់) ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់ (ភេទប្រុស) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ៩នាក់ (ស្រី៣នាក់)៕


