ព័ត៌មានជាតិ

កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ ១០០ភាគរយ។

តាមរយៈសារលិខិតអបអរសាទររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានលើកឡើងថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។

សម្តេចបវរធិបតី បន្ដថា ប្រទេសកម្ពុជា មានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់ រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤។ ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់»។

សម្តេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ប្រទេសកម្ពុជាយើ ងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា»។

To Top