សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមចម្រុះនៃរដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធអំពី “ពន្ធគយខុសច្បាប់” នៅក្នុងតុលាការពាណិជ្ជកម្ម អន្តរជាតិ សហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អគ្គមេធាវីនៃរដ្ឋ Arizona, Colorado, Connecticut, Delaware, Illinois, Maine, Minnesota, Nevada, New Mexico, New York, Oregon និង Vermont បានដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកដីការបស់តុលាការ ដើម្បីរារាំងរដ្ឋបាលលោក ត្រាំ ពីការអនុម័តពន្ធគយ។
ពាក្យបណ្ដឹងបានឲ្យដឹងថា គោលនយោបាយនេះ បានធ្វើឱ្យគោលនយោបាយ ពាណិជ្ជកម្មជាតិស្ថិតនៅក្រោម “ការចង់បានរបស់លោក ត្រាំ ជាជាងការអនុវត្តសិទ្ធិអំណាចស្របច្បាប់” ដោយសុំឱ្យតុលាការប្រកាសពន្ធគយខុសច្បាប់ និងរារាំងភ្នាក់ងាររដ្ឋាភិបាល និងមន្ត្រីមិនឱ្យអនុវត្តពន្ធគយនោះ ។
ពាក្យបណ្ដឹងបានកត់សម្គាល់ឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិក អាចអំពាវនាវ បានតែនៅពេលដែលមាន “ការគំរាមកំហែងខុស ពីធម្មតាពីបរទេស ។ សកម្មភាពផ្លូវច្បាប់បាន្យដឹងថា “តាមរយៈការទាមទារសិទ្ធិ អំណាចក្នុងការដាក់ពន្ធដ៏ច្រើន និងផ្លាស់ប្តូរ ដែលមិនធ្លាប់មាន លើទំនិញណា ដែលចូលសហរដ្ឋអាមេរិក ដែលលោកជ្រើសរើស ទោះជាលោកមានហេតុផលអ្វីក៏ដោយដែលលោកយល់ថាងាយស្រួលក្នុងការប្រកាសអាសន្ន ប្រធានាធិបតីបានកែប្រែបទបញ្ជារដ្ឋធម្មនុញ្ញ និងនាំមកនូវភាពចលាចល ដល់សេដ្ឋកិច្ចអាមេរិក”។
ការិយាល័យអគ្គមេធាវីនៃទីក្រុងញូវយ៉ក Letitia James បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សភាមិនបានផ្តល់សិទ្ធិអំណាច ដល់ប្រធានាធិបតីក្នុងការដាក់ពន្ធទាំងនេះទេ ដូច្នេះហើយ រដ្ឋបាលបានបំពានច្បាប់ ដោយដាក់ពន្ធ តាមរយៈបទបញ្ជាប្រតិបត្តិ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ជាភ្នាក់ងារ” ។
លោក James បានលើកឡើងថា “ពន្ធគយរបស់លោក គឺខុសច្បាប់ ហើយប្រសិនបើមិនបញ្ឈប់ទេ វានឹងនាំឱ្យ មានអតិផរណា ភាពអត់ការងារធ្វើ និងការខូចខាតសេដ្ឋកិច្ចកាន់តែច្រើន” ។ អភិបាលក្រុងញូវយ៉កលោកស្រី Kathy Hochul បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “ពន្ធមិនប្រុងប្រយ័ត្នរបស់ប្រធានាធិបតីលោក ត្រាំ បានធ្វើឱ្យការចំណាយកើនឡើងយ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ និងធ្វើឱ្យមានភាពវឹកវរ ផ្នែកសេដ្ឋកិច្ចនៅទូទាំងប្រទេស” ៕
ប្រែសម្រួល ឈូក បូរ៉ា
