ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ៖ ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន គឺឆ្លុះបញ្ចាំង ការរីកចម្រើន នៃវិស័យ TVET នៅកម្ពុជា

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដា កម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សា ឱ្យស្របទៅតាមតម្រូវការទីផ្សារ ការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បង ក្នុងការបង្កើតនិង អភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម ដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។

ការគូសបញ្ជាក់នេះ នៅក្នុងឱកាស ដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញ លើឧត្ដមភាពអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះ ប្រកប ដោយនិរន្តរភាព» និង ពិធីប្រគល់ពានរង្វាន់គំរូ ឧត្តមភាពសកល សម្រាប់ការអប់រំនិង បណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរី ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស (NTTI) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI)។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ ដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដែលទទួលបានពានមាស (Gold Award) និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ទទួលបានពានប្រាក់ (Silver Award) ដែលជាពានរង្វាន់ GEMSET Award ពី ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី  ដោយពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំង ការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ ក៏ជាការសបញ្ជាក់ យ៉ាងច្បាស់ផងដែរ អំពីដំណើរវិវត្តវិជ្ជមាន នៃការឆ្លើយតបនឹង ចំណុចអាទិភាព “មនុស្ស” ដែលបានឆ្លុះបញ្ចាំង ជាចម្បងក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ITEES ដែលកន្លងមកបានសហការរៀបចំវគ្គបណ្តុះបណ្តាលក្នុងស្រុក ដែលរួមមានវគ្គគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ, វគ្គគរុកោសល្យ ។ ទន្ទឹមនេះ ក៏មានវគ្គបណ្តុះបណ្តាលនៅសិង្ហបុរី រួមមាន វគ្គជំនាញព័ត៌មានវិទ្យា, អេឡិចត្រូនិក, និងបច្ចេកវិទ្យារថយន្ត និង សិក្ខាសាលាចែករំលែកបទពិសោធជាច្រើន ។ ជាពិសេស តាមរយៈសិក្ខាសាលា ដែលរៀបចំនៅកម្ពុជានាពេលនេះ នឹង ជួយពង្រឹង និងកំណត់ នូវតម្រូវការឧត្តមភាពសម្រាប់ TVET ក្នុងដំណើរឆ្ពោះទៅ រកការកែលម្អជា បន្តបន្ទាប់តាមរយៈការវាស់វែង និងវាយតម្លៃជារួម ទៅលើប្រព័ន្ធអេកូរបស់ TVET ដើម្បីរកឱ្យឃើញ នូវផលប៉ះពាល់ និង លទ្ធផល ប្រកបដោយនិរន្តរភាព និងការចែករំលែកពីបទ ពិសោធរបស់សិង្ហបុរី សម្រាប់ឧត្តមភាព លើការធ្វើបរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាពឆ្ពោះ ទៅរកការអនុវត្តកម្រិតពិភពលោក៕

To Top