ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ផ្នែកវេជ្ជសាស្រ្តបូរាណ គឺជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នាថ្ងៃ២៣ មេសា ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដោយត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ការដឹង ការស្គាល់ ប្រកបដោយជំនាញច្បាស់លាស់របស់ មន្រ្តីវេជ្ជសាស្រ្តបូរាណ គឺជាការលើកទឹកចិត្ត និងការទាក់ទាញដល់មហាជនទូទៅ ដើម្បីរក្សាការប្រើប្រាស់ឱសថបូរាណនេះឱ្យទូលំទូលាយ និងបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរគង់វង្សជាបន្ត។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មជ្ឈមណ្ឌលជាតិ គឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការទាំងឡាយ និងត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ៕












