ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជាមួយការបន្តការប្តេជ្ញាចិត្តក្នុងសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះការឆ្លើយតបតាមរយៈយេនឌ័រ។
កិច្ចពិភាក្សាក្នុងវិស័យនេះ ត្រូវបានរៀបចំឱ្យមានកិច្ចពិភាក្សា នៅថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០២៥ លើគោលនយោបាយ ផែនការសកម្មភាព ដោយរួមបញ្ចូលទាំងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់អំណាចស្រ្តីក្នុងវិស័យបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។
កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីមកពីក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការUN Women ព្រមទាំងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ក្នុងគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងចំណុចខ្លាំង ការប្រឈម នៃការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥ ព្រមទាំងការកំណត់នូវចំណុចខ្លាំង តម្រូវការជាក់ស្តែង សម្រាប់ដំណាក់កាល១០ឆ្នាំខាងមុខ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាធិបតីបើកវេទិកានេះ បានថ្លែងថា ការដាក់ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់នូវវិស័យចំនួន៦ សម្រាប់ដាក់ចូលផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ ២០២៥-២០៣៥ ដែលវិស័យអាទិភាពទាំង៦នោះមានដូចជា៖ វិស័យឧស្សាហកម្មវិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំប្រទេសកម្ពុជា បានស្នើឱ្យមានការផ្ដល់អំណាច និងការសម្រេចចិត្តរបស់ស្ត្រី សម្រាប់ផែនការក្នុងការប្រកបអាជីវកម្ម ការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការលើកកម្ពស់ននិងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្ម ការទទួលបានហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងអាជីវកម្ម និងការប្រកបមុខរបរនានា ជាដើម។ លោកស្រី បានថ្លែងថា គោលនយោបាយអាកាសធាតុ ដែលឆ្លើយតបនឹងយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ(NDCs) អាចជួយដោះស្រាយវិសមភាពយេនឌ័រជាប្រព័ន្ធ និងនាំទៅរកផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ស្ត្រីភាគច្រើនធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលការណ៍នេះទាមទារឲ្យមានការយកចិត្តទុកដាក់ និងដាក់បញ្ចូលបញ្ហារបស់ពួកគាត់ចូលទៅក្នុងផែនការជាតិសម្រាប់រយៈពេល១០ឆ្នាំខាងមុខនេះ។ ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជូនផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (NDC2.0) ជាមួយគោលដៅកាត់បន្ថយការបំភាយឧស្ម័ន៤១,៧ភាគរយ សម្រាប់សេណារីយ៉ូអាជីវកម្ម ដូចធម្មតានៅឆ្នាំ២០៣០។
ក្នុងឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានធ្វើការត្រួតពិនិត្យឡើងវិញនូវNDC 2.0 ជាមួយការរួមបញ្ចូល ការវាយតម្លៃយេនឌ័រ ដើម្បីកំណត់វិសាលភាពនៃការធ្វើសមាហរណកម្មយេនឌ័រ នៅក្នុងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សរុបចំនួន១៦៦ ក្នុងការកាត់បន្ថយ ការបន្សាំ និងការងារបង្កលក្ខណៈធ្ងន់នឹងអាកាសធាតុ៕




