ព័ត៌មានជាតិ

មន្ត្រី ល.ខ.ប បាត់ដំបង បន្តចុះសម្របសម្រួល និងជួយមេភូមិ ក្នុងការផ្តល់លិខិតអញ្ជើញជូនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤

ភ្នំពេញ៖ ដើម្បីជំរុញដល់ប្រសិទ្ធភាពការងារ​ ឱ្យបានកាន់តែប្រសើរ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (ល.ខ.ប បាត់ដំបង) បានចាត់មន្ត្រីឱ្យចុះជួយដល់មេភូមិ ក្នុងការផ្តល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋនៅតាមភូមិ ជាពិសេសការអញ្ជើញប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនៅតាមឃុំ សង្កាត់របស់ខ្លួន។

លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំ​ ការបោះឆ្នោតខេត្តបាត់ដំបង បានថ្លែងថា គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងទៅធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលមានសុពលភាព ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។         – ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាព ក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យជីវប្រវត្តិ (ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) របស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើ ពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាពអាចស្នើសុំកែតម្រូវ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

-ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ហើយដែលមិនធ្លាប់បាន ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ ដើម្បីទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

លោកបានបន្តថា ជាមួយគ្នានេះដែរ ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅតាមទីប្រជុំជនក្នុងភូមិ ឃុំ សង្កាត់ ក៏ជាការងារសំខាន់ ក្នុងការផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យជីវប្រវត្តិរបស់ខ្លួន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ក៏ដូចជាការត្រៀមលក្ខណៈជាស្រេច ក្នុងនាមជាម្ចាស់ឆ្នោត ដើម្បីចូលរួមជ្រើសរើសថ្នាក់ដឹកនាំ តាមរយៈការបោះឆ្នោតជាសកលនាពេលខាងមុខ។

សូមបញ្ជាក់ជូនថា តាមប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដំណើរការនៃការចែកលិខិតអញ្ជើញ ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅតាមភូមិក្នុងឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕

To Top