ព័ត៌មានជាតិ

មុនទិវាពលកម្មអន្តរជាតិ សម្ដេចនាយករដ្ឋមន្រ្តី កោតសរសើរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអនុវត្តអនុសាសន៍ គន្លឹះទាំង១០ ចំណុចបានជោគជ័យ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានអនុវត្តអនុសាសន៍ គន្លឺះទាំង ១០ចំណុចរបស់សម្ដេច ទទួលបានជោគជ័យ គួជាទីមោនទភាព ដើម្បីលើកកម្ពស់ លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ និងអត្ថប្រយោជន៍ជាច្រើន សម្រាប់កម្មករ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ ក្នុងលិខិតអបអរសាទរ ខួបលើកទី ១៣៩នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០២៥នេះថា ៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ សម្រេចនូវលទ្ធផលការងារ ជាច្រើនគួរជាទីមោទនៈ»។

សម្ដេចបន្តថា៖«ក្រសួងការងារ និងបណ្ដុះបណ្ដាល បានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យទៅតាមអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ចំណុច ដែលខ្ញុំបានណែនាំ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត»។

អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងាររួមមាន៖ ការពិភាក្សាទៅលើប្រាក់ឈ្នួលកម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធី ដើម្បីប្រែក្លាយ សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយចាប់ពីឆ្នាំ២០២៤តទៅ។

ក្រៅពីនេះ អនុសាសន៍ណែនាំចំនួន៤ ដែលក្រសួងការងារ ត្រូវអនុវត្ត នៅរយៈពេល២ឆ្នាំ ខាងមុខនោះគឺត្រូវសហការ ជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍, រៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បីសុខភាពនិងសុវត្ថិភាព និងការជំរុញការធ្វើតេស្តជំនាញរបស់កម្មករទាំងក្នុងស្រុក និងក្រៅស្រុកឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាលជំនាញមួយ។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តី សោមនស្សរីករាយ ក្រៃលែង ដែលបានចូលរួមជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ក្នុង ឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ដែលជាទិវារំឭក ទៅដល់វីរភាពរបស់កម្មករនិយោជិត។

ដោយឡែកឆ្នាំនេះ ទិវាពលកម្មអន្តរជាតិ ១ឧសភា ត្រូវរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យ ឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តនិង ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានា របស់បងប្អូនកម្មករនិយោជិត។

សម្ដេចបវរធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេច ឱ្យបាន នូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

នៅក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ រាជរដ្ឋាភិបាល បានកសាងមូលដ្ឋានគ្រឹះ ប្រែក្លាយ​កម្ពុជាទៅជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជា​សកលដែលបណ្តាលមក ពីការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយ បម្រែបម្រួលអាកាសធាតុ ភាពតានតឹងនៃស្ថានភាព នយោបាយ និងពាណិជ្ជកម្មអន្តរជាតិផងដែរ។

រាជរដ្ឋាភិបាលមិនត្រឹម តែមានគោលដៅ ទាក់ទាញទុនវិនិយោគ មកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូន ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ៕

To Top