ភ្នំពេញ៖ ឆ្លើយតបនឹងការព្រួយបារម្ភ និងចម្ងល់លើបញ្ហា អាមេរិក ដាក់ពន្ធមកលើកម្ពុជា ដោយសារតែឱនភាពនៃការនាំចេញ និងនាំចូល ខុសគ្នាឆ្ងាយ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បកស្រាយថា ការដាក់ពន្ធថ្មីៗនេះរបស់អាមេរិក គ្មានប្រទេសណាមួយដឹងជាមុននោះឡើង គឺជាបញ្ហាពន្ធសកល ខណៈដែលគម្លាតខុសគ្នាឆ្ងាយនៃឱនភាពពាណិជ្ជកម្ម រវាប្រទេសអ្នកមាន ដូចជាអាមេរិក ជាមួយកម្ពុជា ត្រូវតែមាន ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយច ង្វារ (OCIC) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា នៅចរចា៣ខែជាមួយអាមេរិក ដូចនេះអាមេរិកដាក់ពន្ធ លើកម្ពុជា កម្ពុជា មិនខុសទេ ព្រោះនេះជាការសម្រេចចិត្តរបស់អាមេរិក មិនមែនតែកម្ពុជា គឺមានជិត២០០ប្រទេសជាប់ពន្ធដូចគ្នា ជាការដាក់ពន្ធសកល ។
ក្នុងនោះសម្តេចធិបតី យល់ឃើញថា ដោយសារតែប្រធានាធិបតីអាមេរិក គិតថាការនាំចេញ នាំចូលអាមេរិក ជាមួយប្រទេសផ្សេងៗ ខុសគ្នាខ្លាំងពេក គិតថាប្រទេសផ្សេង ទាញចំណេញលើអាមេរិកច្រើន ដូចនេះអាមេរិកចង់ឱ្យគម្លាតនេះ មិនឱ្យមានច្រើន ឬមួយស្មើជាមួយប្រទេសមួយចំនួន ។
បន្ថែមលើនេះ សម្តេចធិបតី ពន្យល់ថា ៩៧% មិនមែនពន្ធដែររដ្ឋាភិបាលខ្មែរ ដាក់លើទំនិញពីអាមេរិកនោះទេ ផ្ទុះទៅវិញ៩៧% គឺជាលំអៀងនៃឱនភាពពាណិជ្ជកម្ម នៃការនាំចេញទៅអាមេរិក ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ពន្យល់បន្ថែមថា ការនាំចេញខោអាវ ផលិតនៅកម្ពុជា ទៅកាន់ប្រទេសអាមេរិក ក៏ព្រោះកម្ពុជា គឺមានពលកម្មតម្លៃសមរម្យ ហេតុដូចនេះ បានត្រូវមកបើកទីតាំងផលិតកម្មនៅកម្ពុជា ហើយទិញទៅវិញ ដែលនេះគឺជាពាណិជ្ជកម្ម ខណៈដែលឥវ៉ាន់នាំចេញពីកម្ពុជា គឺប្រភេទខោអាវច្រើន ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សំណួរមួយទៀតសួរថា តើដោយសារយើងនាំទៅអាមេរិកច្រើនជាង ហើយមិចក៏យើងមិនទិញ ពីអាមេរិកឱ្យស្មើគ្នា យើងនាំចេញ១៣០០លាន អាមេរិកចូល៣០០ យើងប្រទេសតូច ក្រីក្រគ្មានលទ្ធភាព ទៅយក១ពាន់លាន ទិញ Boeing ១០គ្រឿងទេ ហើយបើឱ្យអាមេរិកឈប់ទិញពីយើង រហូតទៅដល់ត្រឹមទម្លាក់មកត្រឹម៣០០លាន បានន័យថា បិទរោងចក្រចូលច្រើនណាស់ ចឹងវាមានត្រូវតែគម្លាតហើយ រវាងប្រទេសអ្នកមានអ្នកក្រ ។ ប្រទេសអ្នកមាន មានលទ្ធភាពទិញធំជាងប្រទេសអ្នកក្រ សូម្បីតែអ៊ឺរ៉ុប និងអាមេរិក ក៏ការនាំចេញនាំចូលខុសគ្នាច្រើនដែរ” ។
ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់ថា បើឱ្យកម្ពុជា ធ្វើស្មើអាមេរិកលើពាណិជ្ជកម្មនាំចេញនាំចូលនេះ គឺទៅមិនរួចនោះទេ៕
