ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាន នៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។

បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានឱ្យដឹងថា ក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែងបង្ហាញក្ដីរីករាយដែលបានទទួលបដិសណ្ឋារកិច្ច លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក្នុងនាមជាថ្នាក់ដឹកនាំថ្មីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនប្រតិភូក្រសួងមហាផ្ទៃ អំពីសាវតានៃកិច្ចសហប្រតិការក្នុងវិស័យបណ្ដុះបណ្ដាលកងកម្លាំងជាមួយក្រសួងមហាផ្ទៃកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។

បើតាមលោក រ៉េន រតនៈ ក្នុងជំនួបនោះដែរ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងជាពិសេសការចូលរួមយ៉ាងសកម្ម របស់ភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឈរលើមូលដ្ឋាន នៃមរតកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បន្តដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមាន សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ និងបច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។


អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានយកឱកាសនោះ ទាញចំណាប់អារម្មណ៍ភាគីវៀតណាម អំពីភាពកាន់តែសំខាន់នៃការងារបណ្ដុះបណ្ដាលពង្រឹងគុណភាពធនធានមនុស្សដែលជាកងកម្លាំង ដើម្បីឆ្លើយតបនឹងការវិវត្តប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងពិភពលោក ជាពិសេសការពើបប្រទះជាបន្តបន្ទាប់នូវបទល្មើសប្រឈមថ្មីៗ ទាមទារជាចាំបាច់នូវមន្រ្តី និងកម្លាំងមានសមត្ថភាព និងវិជ្ជាជីវៈ និងតម្រូវការបណ្ដុះបណ្ដាល ផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ជាប្រចាំ ដូចដែលកម្ពុជា និងវៀតណាម បាននិងកំពុងអនុវត្តសព្វថ្ងៃ៕
